
លោក លឹម វុទ្ធី ចុះពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០ កម្មវិធី «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការនៃការធ្វើតេស្តប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនថ្នាក់ទី១០ នៃកម្មវិធី «សាលារៀនជំនាន់ថ្មី» ដោយផ្ទាល់ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងសកម្មភាពចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍យ៉ាងស្និទ្ធស្នាលពីសំណាក់ក្រុមការងារអង្គការ ខេប (KAPE) ដែលជាតំណាងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានការចូលរួមពីសំណាក់អាណាព្យាបាលសិស្ស និងតំណាងសហគមន៍ផងដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ក្នុងការប្រឡង។ ការចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញការអនុវត្តកម្មវិធីសិក្សាបែបទំនើប ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តឱ្យមានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងអនាគត៕











