
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ក្រុងតាខ្មៅ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
ឯកឧត្តមអភិបាលខេត្ត ថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារ នៃអនុសំវច្ឆរមហាសន្និបាតលើកទី ៣៣នេះ ដែលបានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រត្តិបត្តិ ព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា តាមស្មារតី អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣នេះ គឺជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូ ជូន ជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយ គណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទដ្ឋានដែលមានស្រាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍ មូលធនមនុស្ស។









