
សង្កាត់កំពង់បាយខិតខំអភិវឌ្ឍន៍ប្រែក្លាយពីតំបន់ដីទំនាបទឹកលិច ទៅជាតំបន់លំនៅស្ថានមានផ្លូវបេតុងស្អាត
ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បានសម្ដែងការពេញចិត្ត និងថែ្លងអំណរគុណ ចំពោះការទទួលបានផ្លូវបេតុងអាមេថ្មី៣ ខ្សែ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលបម្រើផលប្រយោជន៍ បានជួយសម្រួលដល់ការធ្វើដំណើរ និងបង្កភាពងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មីនេះ បានជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋអោយកាន់តែងាយស្រួល និងមានសុវត្ថិភាព ជាពិសេសក្នុងរដូវវស្សាអាចបញ្ជៀសការជន់លិច និងការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជនផងដែរ។







