
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យលោក ពេជ្រ ចិត្រា ស្ថាបនិកក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក និងជាស្ថាបនិកមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខដុមរមនា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋបាលខេត្តមណ្ឌលគិរី។ ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច, វប្បធម៌ និងសិល្បៈ , វិស័យប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើតបទពិសោធន៍សង្គម។ ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខដុមរមនា។ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែបើកទូលាយ និងគាំទ្រដល់រាល់កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងឡាយណា ដែលរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព៕











