
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី លឹម គឹមឡែម អតីតប្រធានការិយាល័យប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០នឹង០០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅគេហដ្ឋានរបស់សព ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងការអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកស្រី លឹម គឹមឡែម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី បានប្រគល់នូវសាររំលែកមរណទុក្ខ និងបច្ច័យបុណ្យចំនួន ១លានរៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយឡែក បច្ច័យមួយចំនួនទៀត របស់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក៏បានចូលរួមក្នុងពិធីបុណ្យផងដែរ ៕









