
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។ នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









