
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម (X16)
នាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា ១៩៧៧-២០ មិថុនា ២០២៦) នៅតំបន់អ៉ិច១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ គួររំលឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕








