
ព្រះករុណា ព្រះមហាក្សត្រ ៖ សម្តេចតេជោកំពុងដឹកនាំព្រឹទ្ធសភាសម្រេចស្នាដៃ និងសមិទ្ធផលធំៗ
ភ្នំពេញ ៖ក្នុងព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃខួបចម្រើនជន្មាយុរបស់សម្តេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល កោតសរសើរពីវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចដែលមានឆន្ទៈមោះមុតស្នេហាជាតិដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និងការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេស ក្នុងព្រះបរមនាមនៃព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមានព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។











