
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។ តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នេះស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ គណៈកម្មការផ្សះផ្សានឹងបើកកិច្ចប្រជុំលើកដំបូងជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។











