
បទយកការណ៍៖ ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើ កសិផលក្នុងស្រុក។ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបាន ការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។











