
រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រចេះ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។ ការរៀបចំពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយយោងតាមស្មារតីនៃលិខិតលេខ ៣១៩៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានរៀបចំរួចរាល់ជាស្ថាពរយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងដែនដី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀត រវាងខេត្តទាំងពីរ៕











