ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង

ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍អំពីសាវតានៃដំណាំកាហ្វេថា ខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឦសាន ដែលមានលក្ខណៈពិសេសដាច់គេ ដោយសារជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្បូរទៅដោយដីក្រហមមានជីវជាតិ ដែលជាលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាលបំផុតសម្រាប់ដំណាំកាហ្វេ។ ទោះបីជាតំបន់ខ្លះមានភូមិសាស្ត្រខ្ពស់ជាងនេះ ដូចជាតំបន់ឱរ៉ាល់ តំបន់ភ្នំបូកគោ ឬខេត្តរតនគិរីក្ដី ក៏មិនអាចផ្ដល់អំណោយផលល្អដូចភូមិសាស្ត្រមណ្ឌលគិរី ដែលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ៩០០ម៉ែត្រ និងមធ្យម ៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រនោះទេ។ កម្ពស់ដ៏សមស្របនេះហើយ ដែលធ្វើឱ្យគ្រាប់កាហ្វេមណ្ឌលគិរីមានឱជារសឈ្ងុយឆ្ងាញ់ប្លែក និងដក់ជាប់ក្នុងចិត្តមិត្តអ្នកស្នេហាកាហ្វេគ្រប់រូប។ បច្ចុប្បន្ននេះ ក្រោមការជំរុញបន្ថែមពីមន្ត្រីជំនាញ ការដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួន ៥៨០ ជាងហិកតា ដោយផ្ដល់ទិន្នផលប្រមូលផលប្រហែល ១,៦០០ តោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា នៅចុងឆ្នាំនេះ តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីវិស័យឯកជន ផ្ទៃដីដាំដុះកាហ្វេនៅក្នុងខេត្តទាំងមូលអាចនឹងហក់ឡើងរហូតដល់ទៅជាង ៦០០ ហិកតា។ កាលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (សង្ក្រាន្តសែនមនោរម្យ) កន្លងទៅនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ ដោយបានរៀបចំស្ដង់តាំងបង្ហាញផលិតផលកាហ្វេប្រចាំខេត្តយ៉ាងអធិកអធម។ រៀបចំចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃ សរុបចំនួនរហូតដល់ ៦,០០០ កែវ ជូនដល់មហាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត។ ឯកឧត្តម ថង សាវុន បានបន្តថា ដោយបច្ចុប្បន្នមានការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនធំៗមួយចំនួន ដែលបានវិនិយោគទាំងលើការដាំដុះ និងការបង្កើតរោងចក្រកែច្នៃ ហើយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជ្រោមជ្រែងដល់បងប្អូនកសិករដែលមានដីទំនេរ ឬដីដែលដាំដំណាំផ្សេងៗមិនសូវហុចផល ឱ្យងាកមកដាំដុះកាហ្វេវិញ និងបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ ក្នុងទម្រង់ជាកសិកម្មកិច្ចសន្យា ដែលធានាបានទាំងទិន្នផល និងស្ថិរភាពតម្លៃជូនកសិករ។ សម្រាប់ទីផ្សារបច្ចុប្បន្ន គ្រាប់កាហ្វេស្រស់ មានតម្លៃ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម។ចំណែកគ្រាប់កាហ្វេស្ងួត មានតម្លៃចាប់ពី ៩ ០០០រៀល ទៅជាង ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម (តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងប្រភេទពូជកាហ្វេនីមួយៗ)៕

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ ថែមទាំងរៀបចំសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព
អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ ថែមទាំងរៀបចំសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព
មណ្ឌលគិរី ៖ ដើម្បីបង្ហាញពីសក្តានុពលនៃស្រុកកោះញែក និងបង្កើននូវសោភ័ណភាពកាន់តែស្រស់បំព្រង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក បានដឹកនាំសហការី បានរៀបចំដាក់ផ្ទាំងប៉ាណូ ស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដា ។ លោក សី ទូច អភិបាលស្រុកកោះញែក បានឳ្យដឹងថា ការដាក់ផ្លាកស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវជាតិលេខ ៧៦ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដានេះ គោលបំណង ទី១. ដើម្បីឱ្យអ្នកធ្វើដំណើរបានដឹងថា មកដល់ឃើញផ្លាកនេះ គឺមកដល់ទឹកដីនៃស្រុកកោះញែក បើយើងធ្វើដំណើរពីទីរួមខេត្ត ហើយក៏បង្កើននូវសោភ័ណភាពមួយដែរ នៅលើផ្លូវ ទី២. ទាក់ទងទៅនឹងផ្លាកប៉ាណូនេះ ក៏បង្ហាញពីសក្តានុពលសង្ខេប ដែលមានរូប វាលស្រែ វាស្រូវ ក៏ដូចជា សត្វព្រៃ រូបក្រពើភ្នំ ដែលជាសត្វកម្រ នឹងរូបសត្វគ្រៀល ជាតំណាងឳ្យសត្វស្លាប សត្វលើគោក សត្វនៅក្នុងទឹក ដែលជាសក្តានុពលមួយរបស់ស្រុកកោះញែក ជាពិសេស ស្រូវគឺមានច្រើនរូបភាព បង្ហាញពីស្រុកកោះញែក គឺជាស្រុក ដែលផលិតស្រូវច្រើនជាងគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី ហើយក៏មានរសជាតិឆ្ងាញ់។ ម្យ៉ាងទៀត ការបង្ហាញរូបភាពនៅលើផ្ទាំងប៉ាណូនេះ មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រទៀត ដល់ទីរួមស្រុក ដើម្បីឳ្យអ្នកធ្វើដំណើរទាំងភ្ញៀវទេសចរ ក៏ដូចជាអ្នកនៅក្នុងខេត្ត និងក្រៅខេត្ត បានឃើញ និងស្គាល់ខ្លះៗ ពីសក្តានុពលរបស់ស្រុកកោះញែក។ ជាមួយគ្នានេះដែរ លោក អភិបាលស្រុក ក៏បានរៀបចំបង្គោលសូឡា ដាក់បំភ្លឺតាមដងផ្លូវ ជាប់ព្រំប្រទល់ស្រុកពេជ្រា និងស្រុកកោះញែកនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់អ្នកដំណើរជិះម៉ូតូនាពេលយប់ មានការហត់នឿយ បងប្អូនអាចសម្រាកសិន ដើម្បីបន្តធ្វើទៅមុខទៀត។ លោក សី ទូច អភិបាលស្រុកកោះញែក បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ ត្រូវចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ ឳ្យបានគង់វង្ស និងចូលរួមសំអាតអនាម័យទាំងអស់គ្នា ព្រោះ បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា៕
អភិបាលខេត្តមណ្ឌលគិរី បានបន្តអភិវឌ្ឍសួនកុមារសាធារណៈនិងសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង ក្បែរវិមានឯករាជ្យ
អភិបាលខេត្តមណ្ឌលគិរី បានបន្តអភិវឌ្ឍសួនកុមារសាធារណៈនិងសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង ក្បែរវិមានឯករាជ្យ
ខេត្តមណ្ឌលគិរី ៖ ក្រុងសែនមនោរម្យនាពេលបច្ចុប្បន្ន កំពុងបង្កើនភាពទាក់ទាញកាន់តែខ្លាំង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសួនកុមារសាធារណៈដ៏ថ្មីស្រឡាង ស្ថិតនៅកៀកនឹងរង្វង់មូលគោព្រៃ។ គោលបំណងធំគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបន្តអភិវឌ្ឍ សួនកុមារសាធារណៈ ដែលបំពាក់ដោយឧបករណ៍លេងកម្សាន្តទំនើបៗ ចម្រុះពណ៌ និងមានសុវត្ថិភាពខ្ពស់ សម្រាប់កុមារៗរត់លេង និងជួបជុំគ្រួសារនៅចុងសប្តាហ៍។ បន្តសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង (ទទឹង ៣ម៉ែត្រ) ទាំងផ្នែកខាងលើ និងខាងក្រោមជម្រាលភ្នំ ក្បែរវិមានឯករាជ្យ ព្រមទាំងដាំកូនឈើផ្កាចម្រុះដើម្បីលម្អបន្ថែម។ សាងសង់ជញ្ជាំងថ្មជើងទេរ ប្រវែង ៨៨០ម៉ែត្រ កម្ពស់ ៤.៥០ម៉ែត្រ ស្របតាមផ្លូវភ្លោះពីរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ដើម្បីធានាសោភ័ណភាព និងសុវត្ថិភាព។ ដើម្បីរក្សាសមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់៖ ១. ចូលរួមវេចខ្ចប់ និងដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ ២. ជួយថែរក្សាឧបករណ៍លេងកម្សាន្ត និងសម្ភារសាធារណៈឱ្យបានគង់វង្ស។ ៣. អាណាព្យាបាលត្រូវមើលថែទាំកូនតូចៗឱ្យបានដិតដល់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕
ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំពិនិត្យ ផ្គួរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងប្រៀបធៀបការកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំ ឆ្នាំ២០២៥) របស់រដ្ឋបាលរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាព ថ្នាក់មូលដ្ឋាននៃក្រសួងស្ថាប័ន ដោយមានការចូលរួមពីប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ មន្ត្រីទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវទិន្នន័យប្រែប្រួលកើនឡើង ឬថយចុះនៃទ្រព្យសម្បត្តិរដ្ឋរបស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ/អង្គភាពជុំវិញខេត្ត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ សំដៅពង្រឹងតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ថែរក្សា ក៏ដូចជាប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ទាំងចលនទ្រព្យ និងអចលនទ្រព្យ) ឱ្យចំគោលដៅ ស្របតាមច្បាប់ និងស្តង់ដារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដើម្បីពិភាក្សាដោះស្រាយលើរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក។
កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។

ព័ត៌មានថ្មីៗ

ព័ត៌មានក្នុងខេត្តមន្ទីរព័ត៌ខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យកម្ពុជា-ជប៉ុនកំពតក្រុង
១៧ មិថុនា ២០២៦

មន្ទីរព័ត៌ខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យកម្ពុជា-ជប៉ុនកំពតក្រុង

មន្ទីរព័ត៌មានខេត្តកំពត បានអនុវត្តយុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយ»ជំហ៊ាន២ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់សិស្សានុស្ស និងយុវជន តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ នៅបរិវេនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ព័ត៌មានក្នុងខេត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល
១៧ មិថុនា ២០២៦

យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពអាជ្ញាធរកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
១៥ មិថុនា ២០២៦

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពថ្នាក់ដឹកនាំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
១៥ មិថុនា ២០២៦

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត