
អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ ថែមទាំងរៀបចំសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព
មណ្ឌលគិរី ៖ ដើម្បីបង្ហាញពីសក្តានុពលនៃស្រុកកោះញែក និងបង្កើននូវសោភ័ណភាពកាន់តែស្រស់បំព្រង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក បានដឹកនាំសហការី បានរៀបចំដាក់ផ្ទាំងប៉ាណូ ស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដា ។ លោក សី ទូច អភិបាលស្រុកកោះញែក បានឳ្យដឹងថា ការដាក់ផ្លាកស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវជាតិលេខ ៧៦ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដានេះ គោលបំណង ទី១. ដើម្បីឱ្យអ្នកធ្វើដំណើរបានដឹងថា មកដល់ឃើញផ្លាកនេះ គឺមកដល់ទឹកដីនៃស្រុកកោះញែក បើយើងធ្វើដំណើរពីទីរួមខេត្ត ហើយក៏បង្កើននូវសោភ័ណភាពមួយដែរ នៅលើផ្លូវ ទី២. ទាក់ទងទៅនឹងផ្លាកប៉ាណូនេះ ក៏បង្ហាញពីសក្តានុពលសង្ខេប ដែលមានរូប វាលស្រែ វាស្រូវ ក៏ដូចជា សត្វព្រៃ រូបក្រពើភ្នំ ដែលជាសត្វកម្រ នឹងរូបសត្វគ្រៀល ជាតំណាងឳ្យសត្វស្លាប សត្វលើគោក សត្វនៅក្នុងទឹក ដែលជាសក្តានុពលមួយរបស់ស្រុកកោះញែក ជាពិសេស ស្រូវគឺមានច្រើនរូបភាព បង្ហាញពីស្រុកកោះញែក គឺជាស្រុក ដែលផលិតស្រូវច្រើនជាងគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី ហើយក៏មានរសជាតិឆ្ងាញ់។ ម្យ៉ាងទៀត ការបង្ហាញរូបភាពនៅលើផ្ទាំងប៉ាណូនេះ មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រទៀត ដល់ទីរួមស្រុក ដើម្បីឳ្យអ្នកធ្វើដំណើរទាំងភ្ញៀវទេសចរ ក៏ដូចជាអ្នកនៅក្នុងខេត្ត និងក្រៅខេត្ត បានឃើញ និងស្គាល់ខ្លះៗ ពីសក្តានុពលរបស់ស្រុកកោះញែក។ ជាមួយគ្នានេះដែរ លោក អភិបាលស្រុក ក៏បានរៀបចំបង្គោលសូឡា ដាក់បំភ្លឺតាមដងផ្លូវ ជាប់ព្រំប្រទល់ស្រុកពេជ្រា និងស្រុកកោះញែកនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់អ្នកដំណើរជិះម៉ូតូនាពេលយប់ មានការហត់នឿយ បងប្អូនអាចសម្រាកសិន ដើម្បីបន្តធ្វើទៅមុខទៀត។ លោក សី ទូច អភិបាលស្រុកកោះញែក បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ ត្រូវចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ ឳ្យបានគង់វង្ស និងចូលរួមសំអាតអនាម័យទាំងអស់គ្នា ព្រោះ បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា៕









