
ពង្រឹងសមត្ថភាពលោកគ្រូ-អ្នកគ្រូ៖ មន្ទីរអប់រំខេត្ត រៀបចំវគ្គតម្រង់ទិសស្ដីពី «កម្មវិធីចូលរៀនឡើងវិញ» ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គតម្រង់ទិសគ្រូកម្មវិធីចូលរៀនឡើងវិញ ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងពង្រឹងសមត្ថភាព វិធីសាស្ត្របង្រៀន និងបំប៉នចំណេះដឹងបន្ថែមដល់លោកគ្រូ-អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសម្រួល និងគាំទ្រដល់សិស្សានុសិស្សដែលបានបោះបង់ការសិក្សា ឱ្យមានឱកាសបានត្រឡប់មកចូលរៀន នៅក្នុងប្រព័ន្ធអប់រំឡើងវិញ។ ក្នុងឱកាសនោះ លោក លឹម វុទ្ធី បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការណែនាំពីលោកគ្រូឧទ្ទេស និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីចំណេះដឹងដែលទទួលបានពីវគ្គតម្រង់ទិសនេះ ទៅអនុវត្តប្រកបដោយលទ្ធផលវិជ្ជមាន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការសិក្សារបស់កុមារនៅក្នុងសហគមន៍៕











