
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យកសិករប្រើប្រាស់បច្ចេកទេស និងជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនផល
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់ដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងបេសកកម្មចុះជួបប្រជាកសិករនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យទីតាំងដាំដុះបន្លែរបស់កសិករ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន និងកសិដ្ឋានបន្លែធម្មជាតិ និងកសិករគំរូ របស់សហគមន៍កសិកម្មកំពង់ក្តីសិរីមានជ័យ ស្ថិតនៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន។ ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានខិតខំដាំដុះបន្លែដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការប្រើប្រាស់ជីធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើកសិកម្មតាមបែបធម្មជាតិ និងបច្ចេកទេសត្រឹមត្រូវនេះ មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ និងបង្កើនទំនុកចិត្តលើសុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើថ្លៃដើមផលិតយ៉ាងច្រើន ដែលជួយលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង៕











