
អភិបាលក្រុងពោធិ៍សាត់ ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខកូនប្រុសវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម
ពោធិ៍សាត់៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ កុមារា គង់ សុវណ្ណរាជ អាយុ ៩ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់លោក គង់ វ៉ាន់ឌី វីរកងទ័ពជួរមុខប្រចាំការនៅមុំ២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាម។ ក្រោមការយកចិត្តទុកដាក់មើលថែទាំយ៉ាងយកចិត្តទុកដាក់ និងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះស្ថានភាពសុខភាពរបស់កុមារា គង់ សុវណ្ណរាជ បានធូរស្រាលជាបណ្តើរៗហើយ។ ស្ថិតក្នុងឱកាសនោះ ក្រុមការងាររដ្ឋបាលក្រុងពោធិ៍សាត់ បានសម្តែងនូវការសួរសុខទុក្ខដោយក្តីនឹករឭក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារវីរកងទ័ព ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងក្លាហាន៕











