
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារចុះដាំផ្កា និងថែទាំកូនឈើនៅតាមដងផ្លូវជាតិលេខ១០ និងស្ពានតេជោសន្តិភាព
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារស្រុក ដែលរួមមានលោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ អាជ្ញាធរឃុំ-ភូមិ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យ ថែទាំ និងដាំបន្ថែមនូវ «ផ្កាភួងម៉ាល័យ» (ផ្កាត្រែមាស) នៅតាមបណ្តោយដងផ្លូវជាតិលេខ១០ ត្រង់ចំណុចភូមិសាស្ត្រភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទូទៅ ព្រមទាំងត្រួតពិនិត្យ និងថែទាំកូនផ្កា និងកូនឈើដែលបានដាំរួចរាល់នាពេលកន្លងមក នៅចំណុចស្ពាន «តេជោសន្តិភាព» ដែលជាស្ពានមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីធានាឱ្យកូនឈើទាំងនោះលូតលាស់បានល្អ និងចូលរួមលើកកម្ពស់សោភ័ណភាពតំបន់នោះឱ្យកាន់តែមានបៃតងស្រស់ស្អាត៕











