
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជការនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកក្រគរ នៅឯសាលាស្រុកក្រគរ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក ព្រមទាំងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យដីធ្លី ការសាងសង់ និងការចេញប័ណ្ណកម្មសិទ្ធិផ្សេងៗ ដោយត្រូវកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ រហ័សរហួន និងតម្លាភាព។ បន្ថែមពីលើនេះ លោក អ៊ន សុផល្លា ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងស្របតាមផ្លូវច្បាប់ ក៏ដូចជាការបន្តពង្រឹងការគ្រប់គ្រងសំណង់ និងការរៀបចំដែនដីក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែមានរបៀបរៀបរយល្អប្រសើរថែមទៀត៕











